មូលដ្ឋាន​គ្រឹះ

មេរៀន​នេះ មាន​ជា​វីដេអូ ។

មេរៀន​ជា​វីដេអូ

មូលដ្ឋាន​គ្រឹះ​នៃ PHP គឺ​យើង​ស្វែង​យល់​អំពី​ទម្រង់​នៃ PHP, ការ​សរសេរ​វិចារណ៍ និង​ការ​បង្កើត​អញ្ញាត ។

កូដ PHP យើង​ត្រូវ​សរសេរ​នៅ​ក្នុង <?php ... ?> ។

វិចារណ៍

វិចារណ៍ គឺ​ជា​របស់​ដែល​ប្រើ​សំរាប់​កត់​ចំណាំ​អ្វី​មួយ ។ វា​ដូចជា​វិចារណ៍​នៅ​ក្នុង HTML ដែរ គឺ​វា​មិន​បង្ហាញ​ចម្លើយ​មក​ខាងក្រៅ​ឲ្យ​ឃើញ​នោះ​ទេ ។ វា​មាន​ប្រយោជន៍​សំរាប់​តែ​អ្នក​សរសេរ​កូដ​តែ​ប៉ុណ្ណោះ ។

<?php
# វិចារណ៍​មួយ​បន្ទាត់
// វិចារណ៍​មួយ​បន្ទាត់
/* វិចារណ៍
ច្រើន
បន្ទាត់*/
  echo "កូដ​ខាងលើ គឺ​ជា​វិចារណ៍ ។ វា​មិន​បញ្ចេញ​ចម្លើយ​មក​ខាង​ក្រៅ​ទេ";
?>

ក្នុង​មេរៀន PHP នេះ Khode ប្រើ​វិចារណ៍ ដើម្បី​បង្ហាញ​នូវ​ចម្លើយ ដែល​ត្រូវ​ចេញ​មក ។

អញ្ញាត

អញ្ញាត គឺ​ជា​តាង​នូវ​តម្លៃ​មួយ ។

បង្កើត​អញ្ញាត

ដើម្បី​បង្កើត​អញ្ញាត យើង​ត្រូវ​កំណត់​ឈ្មោះ​ដោយ​ផ្ដើម​ដោយ $ និង​ត្រូវ​កំណត់​តម្លៃ​របស់​វា​បន្ទាប់​ពី = ។

<?php $number = 20; ?>

មួយរឿងរ៉ាវៗ នៅ​ក្នុង PHP ត្រូវ​បញ្ចប់​ដោយ ; ។

បង្ហាញ​តម្លៃ​អញ្ញាត

គ្រាន់​តែ​បង្កើត អញ្ញាត​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ទំព័រ​នៅ​ឡើយ​ទេ ។ ដើម្បី​បង្ហាញ​អ្វី​មួយ​ឲ្យ​ចេញ​ជា​ចម្លើយ យើងត្រូវ​ប្រើប្រាស់ echo ។

<?php
  $number = 20;
  echo $number;
  echo "<br>";
  echo 30;
?>

ឈ្មោះ​អញ្ញាត

ក្នុង​ការ​កំណត់​ឈ្មោះ​នៃ​អញ្ញាត គឺ​ត្រូវ​កំណត់​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ដូចខាងក្រោម ៖

 • អាច​ប្រើ​អក្ខរក្រម​អង់គ្លេស លេខ និង​សញ្ញា _
 • មិន​ត្រូវ​ផ្ដើម​ដោយ​លេខ
 • មិន​អនុញ្ញាត​ឲ្យ​កំណត់​ឈ្មោះ ដែល​ជាន់​នឹង​ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​ដោយ​កូដ PHP (ឧទាហរណ៍ ពាក្យ echo) ។

តម្លៃ​អញ្ញាត

តម្លៃ​នៃ​អញ្ញាត ឬតម្លៃ​នៃ​ទិន្នន័យ ដែល​យើង​ហៅ​ជា​ភាសាអង់គ្លេស​គឺ datatype មាន​ដូចជា ៖

 • លេខ អាច​ជា​ចំនួន​គត់ ឬ​ចំនួន​ទសភាគ
 • អក្សរ ត្រូវ​សរសេរ​ក្នុង​អព្ភន្តរសញ្ញា
 • boolean ទាក់ទង​ទៅ​នឹង​តក្កវិទ្យា
 • NULL មាន​ន័យ​ថា "គ្មាន"
 • Array គឺ​ជា​បណ្ដុំ​នៃ​តម្លៃ​ច្រើន​ចូល​គ្នា
 • វត្ថុ (object)
 • ធនធាន​ផ្សេងៗ​ដែល​ចាប់​បាន​ពី​កន្លែង​ផ្សេង ដូចជា ទិន្នន័យ ... ។

ចំណុច​នីមួយៗ​ខាងលើ យើង​នឹង​សិក្សា​ដាច់ដោយឡែក ដើម្បី​ឲ្យ​យល់​ច្បាស់​អំពី​វា ។

ផ្លាស់​ប្ដូរ​តម្លៃ​អញ្ញាត

បន្ទាប់​ពី​បង្កើត​អញ្ញាត​មួយ​ហើយ យើង​ក៏​អាច​ផ្លាស់​ប្ដូរ​តម្លៃ​របស់​វា​បាន​ដែរ ។ ដោយ​យើង​សរសេរ​វា ដូច​ទៅ​នឹង​បង្កើត​វា​ដែរ ។

<?php
  $number = 20;
  $number = 30;
  echo $number;
?>

ក្នុង​ការ​ផ្លាស់​ប្ដូរ​តម្លៃ យើង​ក៏​អាច​យក​តម្លៃ​ចាស់​មក​ប្រើ​បាន​ដែរ ។

<?php
  $number = 20;
  echo $number;
  echo "<br>";
  $number = $number + 2;
  echo $number;
?>

ត្រួសៗ​អំពី function

Function គឺ​មាន​នាទី​ធ្វើអ្វី​ម្យ៉ាង ដែល​មុខងារ​របស់​វា​ខុសៗ​ពី​គ្នា ។

ដើម្បី​ដឹង​អំពី​ប្រភេទ​នៃ​តម្លៃ​ណាមួយ យើង​ត្រូវ​ប្រើ function gettype() ។

វង់​ក្រចក​នៃ function គឺ​ជា​កន្លែង​ដែល​យើង​ត្រូវ​ដាក់​តម្រូវ​ការ ដែល function នោះ​ត្រូវការ ។

Function gettype() ត្រូវ​ការ​តម្លៃ​អ្វី​មួយ​ដាក់​ចូល​ក្នុង​វង់​ក្រចក​នឹង ។ បើ​យើង​មិន​អ្វី​មួយ​ចូល​ទេ តើ​វា​ប្រាប់​អំពី​ប្រភេទ​នៃ​អ្វី?

ហើយ function វា​ត្រឡប់​មក​វិញ​នូវ​តម្លៃ​មួយ​ផ្សេងៗ​ទៀត ឬ​ក៏​អាច​មិន​ត្រឡប់​អ្វី ។

Function gettype() កាល​ណា​យើង​ដាក់​តម្លៃ​អ្វី​ចូល​ទៅ​ក្នុង​នឹង វា​នឹង​ត្រឡប់​មក​វិញ​នូវ​អក្សរ ដែល​បង្ហាញ​អំពី​ប្រភេទ​នៃ​តម្លៃ​នោះ ។

<?php
  $number = 20;
  echo gettype($number);
  echo "<br>";
  echo gettype(2.3);
?>
ទំព៏រ​ដើម កូដ វីដេអូ បញ្ជី ចែករំលែក បោះពុម្ភ ឡើង​លើ Facebook Google Plus Twitter មតិ ឧបត្ថម្ភ ទំនាក់ទំនង អាជ្ញាប័ណ្ឌ សិទ្ធ​អ្នក​និពន្ធ បិទ Khode Academy មុន បន្ទាប់ ប្ដូរ​ម៉ូត