អំពី KHODE
KHODE គឺជាកម្មវិធីជាភាសាខ្មែរ ដែលផ្ដល់នូវការសិក្សាអំពីកូដកំុព្យូទ័រដោយឥតគិតថ្លៃ តាមប្រព័ន្ធអ៊ីនធើណិត ។
ពាក្យថា KHODE
ពាក្យថា KHODE ត្រូវបានបង្កើតឡើងដោយផ្គុំឡើងពីពាក្យចំនួនពីរដូចខាងក្រោម ។
អក្សរកាត់ KH
KH គឺតំណាងឲ្យ ខ្មែរ ។ ដោយការមើលឃើញថា វិស័យអប់រំនៅកម្ពុជាស្ថិតនៅក្នុងកំរិតទាបនៅឡើយ ហើយពាក្យថា ខ្មែរ និង កម្ពុជា មិនត្រូវបានស្គាល់ច្រើនពីសកលលោក ។ ក្រុមការងារ KHODE ដែលមានវិជ្ជាជីវៈមួយផ្នែកនៃបច្ចេកវិទ្យា សម្រេចចិត្តបង្កើតប្រព័ន្ធអប់រំតូចមួយផ្នែកបច្ចេកវិទ្យា ដោយប្រើប្រាស់ភាសាខ្មែរ ហើយផ្ដល់សេវាកម្មនេះឲ្យប្រជាជនកម្ពុជាគ្រប់រូបអាចសិក្សាបានយ៉ាងងាយស្រួល ។
ក្នុងចំណុចនេះ KHODE ធ្វើឡើងក្រោមគោលបំណងចំនួន ៣ ៖
- ខ្មែរ ៖ ប្រព័ន្ធផ្សព្វផ្សាយបែបសកល ពោលគឺអ៊ីនធើណិត ត្រូវបានប្រើច្រើននៅព្រះរាជាណាចក្រកម្ពុជា ។ តែមិនសូវឃើញមានការប្រើប្រាស់អក្ខរក្រមខ្មែរនោះទេ ដែលត្រូវបានជំនួសមកវិញនូវការប្រើប្រាស់អក្សរបរទេស ។ បញ្ហានេះ KHODE ក៏សម្រេចចិត្តបង្កើតឲ្យកម្មវិធីសិក្សាមួយនេះ ប្រើប្រាស់ជាទូទៅនូវភាសាខ្មែរដែលមានប្រវត្តិដ៏អស្ចារ្យតាំងពីសម័យបុរាណកាលមក ។ សកម្មភាពនេះ KHODE សង្ឃឹមថានឹងអាចជួយឲ្យប្រជាជនកម្ពុជាចាប់ផ្ដើមឃើញអក្ខរក្រមខ្មែរត្រូវបានប្រើប្រាស់ជាទូទៅនៅលើប្រព័ន្ធអ៊ីនធើណិត ហើយឲ្យមានភាពស៊ាំលើការប្រើប្រាស់អក្សរជាតិយើង ជំនួសពីការប្រើប្រាស់អក្សរដទៃ ។
- វិស័យអប់រំ ៖ KHODE បង្កើតកម្មវិធីនេះឡើង ដោយសង្ឃឹមថា នឹងអាចជួយជ្រោមជ្រែងមួយផ្នែកនៃវិស័យអប់រំនៅកម្ពុជាផ្នែកបច្ចេកវិទ្យាមុខវិជ្ជាសរសេរកូដ ឲ្យមានការទទួលស្គាល់ពីប្រជាជនកម្ពុជាគ្រប់រូប ។ ដោយហេតុតែមើលឃើញថា មុខវិជ្ជានេះមិនត្រូវបានឲ្យតម្លៃច្រើននៅក្នុងតំបន់ ហើយក៏មិនមានភាពទំលំទូលាយក្នុងការប្រើប្រាស់ និងសិក្សាផងដែរ ។
- ឥតគិតថ្លៃ ៖ ប្រជាជនកម្ពុជាភាគច្រើនមិនទាន់យល់ដឹងពីការចាយវាយថវិកាតាមប្រព័ន្ធអ៊ីនធើណិត ដូចជាការទិញឥវ៉ាន់ បង់ថ្លៃសេវានានា ហើយណាម្យ៉ាងទៀតមានសិស្សានុសិស្សជាច្រើនមិនមានថវិកាគ្រប់គ្រាន់ក្នុងការបង់ថ្លៃសេវានានានៅលើអ៊ីនធើណិតនោះទេ ។ ដោយមើលឃើញបែបនេះ KHODE សម្រេចដាក់ឲ្យប្រើប្រាស់កម្មវិធីអប់រំមួយនេះដោយឥតគិតថ្លៃជាទូទៅ សំរាប់ប្រជាជនកម្ពុជាគ្រប់រូប ។ តែយ៉ាងណាក៏ដោយ នៅមានសិស្សានុសិស្សជាច្រើនទៀតមិនមានអ៊ីនធើណិតសំរាប់ប្រើប្រាស់ជាប្រចាំដើម្បីសិក្សាជាមួយ KHODE ។ សំរាប់បញ្ហានេះ KHODE កំពុងរៀបចំផែនការផ្សេងទៀត ដើម្បីដោះស្រាយ ដែលអ្នកអាចអានអំពីផែនការទាំងនោះត្រួសៗនៅក្នុងទំព័របេសកកម្មរបស់ KHODE ។
សម្លេង ខូដ
KHODE អានថា ខូដ ជាការបញ្ចេញសម្លេងនៃពាក្យ code ជាភាសាអង់គ្លេស ដែលមានន័យថា កូដ ។
កូដ គឺជាភាសា ដែលតាងឲ្យដំណើរការនៃប្រព័ន្ធអ្វីមួយ ។ នៅក្នុង KHODE គឺយើងនឹងធ្វើការសិក្សាអំពីកូដនៃប្រព័ន្ធកំុព្យូទ័រ ដែលជាស្នូលនៃបច្ចេកវិទ្យា ។
ប្រវត្តិ
KHODE ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៨ៈ៤៥នាទី ព្រឹក នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទំព័រ Facebook និង Youtube នៃ KHODE ត្រូវបានបង្កើត និងបង្ហោះវីដេអូមេរៀនតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ មកម្ល៉េះ ។ ការបង្កើតមុនបែបនោះ គឺក្នុងគោលបំណងសាកល្បង និងវិភាគនៃទម្រង់មេរៀន ស្វែងយល់នៃការបង្កើតវីដេអូ និងសិក្សាអំពីចន្លោះខ្វះខាតដែលអាចកើតមានឡើង ។